ម៉ាក​កាហ្វេ​ថៃ​១​ទៀត នឹង​ត្រូវ​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា

  • 2018-02-26 02:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាក​កាហ្វេ អ៊ីនថានីន (Inthanin) របស់​ថៃ ​នឹង​ត្រូវបើក​សាខា​ទី​មួយ នៅ​រាជធានី​ភ្នំពេញ នា​ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​ជា​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន RCG Retail (Cambodia) Co., Ltd ប្រចាំនៅ​កម្ពុជា ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន The Nation ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ Bangchak Retail Co., Ltd ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក កាលពី​សប្ដាហ៍​មុន។

លោក​ស្រី Jiranun Wongmongkol ប្រធាន​ក្រុមហ៊ុន RCG Retail (Cambodia) Co., Ltd បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​របស់​លោក​ស្រី​គ្រោង​នាំ​យក​ម៉ាក​កាហ្វេ អ៊ីនថានីន មក​កម្ពុជា និង​គ្រោង​បើក​លើស​ពី ១០០​សាខានៅ​ទូទាំង​ប្រទេស​ ចាប់ពី​ខែ​ក្រោយ រហូត​ដល់​ឆ្នាំ​២០២២។ លោកស្រី​បន្ត​ថា បន្ទាប់ពី​បើក​សាខា​ដំបូង​នៅ​ភ្នំពេញ នា​ខែ​មីនា និង​មាន​ការ​បង្កើត​សាខា​ទី​២ នៅ​ខេត្ត​សៀមរាប ក្នុង​ខែ​មេសា​ខាងមុខ​នេះ​។

ប្រធាន​ក្រុមហ៊ុន​ដដែល​បាន​បន្ថែម​ទៀត​ថា តម្លៃ​ស្នើ​សុំ​អាជ្ញាប័ណ្ណ ដើម្បី​បើក​មួយ​សាខា ត្រូវ​ចំណាយ​ប្រហែល ២០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​មួយ​សាខា ត្រូវ​ជួល​បុគ្គលិក​ប្រមាណ​ជា ២០​នាក់។

ចំណែក នាយក​គ្រប់គ្រង​ក្រុមហ៊ុន Bangchak Retail Co., Ltd លោក Viboon Wongsakul បាន​ប្រាប់​ថា ការ​បើក​ហាង​កាហ្វេ អ៊ីនថានីន នៅ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​ជំនួញ​នៅ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម។ លោក​អះអាង​ថា នៅ​ឆ្នាំ​ដំបូង​នៃ​ដំណើរការ​នៅ​កម្ពុជា ក្រុមហ៊ុន​របស់​លោក​គ្រោង​លក់​ឲ្យ​បាន ៣០០​កែវ ក្នុង​១ថ្ងៃ​។

ចំពោះ​ការ​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ នឹង​នាំចូល​ពី​ថៃ ហើយ​ប្រភេទ​នំ និង​ចំណី​អាហារ ដែល​ត្រូវ​លក់​នៅ​ហាង​កាហ្វេ អ៊ីនថានីន នឹង​ត្រូវ​ចែកចាយ​ដោយ​អ្នក​ផលិត​ក្នុង​ស្រុក។ មក​ទល់​ពេល​នេះ អ្នក​ផលិត ២០​រូប បាន​ចុះ​កុងត្រា​ជាមួយ​ភាគី​ថៃ​រួចរាល់​ហើយ។ ការ​វិនិយោគ​នេះ នឹង​បង្កើត​ការងារ​ជាង ២ពាន់​កន្លែង ដោយ​គិត​ចាប់​ពី​ឆ្នាំ២០១៨ ដល់ ២០២២។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី Jiranun ។

សូម​បញ្ជាក់​ថា ហាង​កាហ្វេ អ៊ីនថានីន មិន​មែន​ជា​ហាង​កាហ្វេ​ទីមួយ​របស់​ថៃ ដែល​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ដោយ​បច្ចុប្បន្ន ក៏​មាន​ហាង​កាហ្វេ​ថៃ​មួយ​ចំនួន​ទៀត​ កំពុង​ដំណើរការ​ ដូចជា ហាង​កាហ្វេ​អាម៉ាហ្សូន និង​ខូហ្វីធូដេ ជា​ដើម៕

អត្ថបទ៖ លាភ.

;