រូប១សន្លឹកកាលពី៣ឆ្នាំមុន រំលឹកអនុស្សាវរីយ៍រវាងកីឡាករកម្ពុជា និងគ្រូបង្វឹកបច្ចុប្បន្ន
- 2018-09-04 18:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូប១សន្លឹកកាលពី៣ឆ្នាំមុន រំលឹកអនុស្សាវរីយ៍រវាងកីឡាករកម្ពុជា និងគ្រូបង្វឹកបច្ចុប្បន្ន
ចន្លោះមិនឃើញ
រូបភាពមួយសន្លឹកនេះ ត្រូវបានថតដោយលោក ព្រីង សំរាំង ប្រចាំទីភ្នាក់ងារសារព័ត៌មាន Reuters អំឡុងការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងវគ្គជម្រុះ FIFA World Cup នៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា។
រូបភាពនេះ បង្ហាញពីកីឡាករកម្ពុជា ៤រូប គឺ ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ, ហុង ផេង និងឈិន ឈឿន ប្រជែងយកបាល់ជាមួយកីឡាករជប៉ុន Keisuke Honda របស់ជប៉ុន។
៣ឆ្នាំក្រោយ ពោលគឺកាលពីខែសីហា ឆ្នាំ២០១៨ កន្លងទៅ Honda ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ខណៈកីឡាករកម្ពុជាទាំង ៤រូបខាងលើ សុទ្ធតែជាប់ក្នុងជម្រើសរបស់គ្រូបង្វឹកថ្មីរូបនេះ។
ការហ្វឹកហាត់លើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការបង្វឹករបស់ Honda បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ។
តើ Honda ដែលធ្លាប់ជួយក្រុមជម្រើសជាតិរបស់ខ្លួន យកឈ្នះកម្ពុជាកាលពី៣ឆ្នាំមុននោះ អាចដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទទួលជោគជ័យបានឬយ៉ាងណា?
សូមបញ្ជាក់ថា កីឡាករទាំង ២៣នាក់ ដែលជាប់ក្នុងជម្រើសរបស់ Honda រួមមាន៖
អ្នកចាំទី៖ ស៊ូ យ៉ាទី, អ៊ុំ វិចិត្រ (ក្រសួងការពារជាតិ), កែវ សុខសិលា (វិសាខា)
ខ្សែការពារ៖ ហុង ផេង (បឹងកេត), លី វ៉ាហេទ (បឹងកេត), សេត រ៉ស៊ីប (បឹងកេត), ស ពិសិដ្ឋ (ក្រសួងការពារជាតិ), ឆេង ម៉េង (ណាហ្គាវើល), អ៊ុក សុវណ្ណ (ភ្នំពេញក្រោន), នេន សុធារដ្ឋ (ព្រះខ័នរាជស្វាយរៀង), សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ជ័យ ចត្រា (អគ្គស្នងការដ្ឋាននគរបាលជាតិ), ឈិន ឈឿន (ក្រសួងការពារជាតិ), សុះ ស៊ូហាណា (ណាហ្គាវើល), គួច សុកុម្ភៈ (ណាហ្គាវើល) អ៊ិន សូដាវីដ (ភ្នំពេញក្រោន), ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន), ធារី ចន្ថាប៊ីន (Terengganu), ទិត្យ ឌីណា (វិសាខា)
ខ្សែប្រយុទ្ធ៖ ប្រាក់ មុនីឧត្តម (ព្រះខ័នរាជស្វាយរៀង), កែវ សុខផេង (វិសាខា), រ៉ឹង ប៊ុនហៀង (ក្រសួងការពារជាតិ), ស៊ិន កក្កដា (ភ្នំពេញក្រោន)
ក្នុងចំណោមកីឡាករទាំង ២៣រូបខាងលើ មានកីឡាករចំនួន ១០នាក់ ដែលបានជាប់ក្រុមជម្រើសជាតិកម្ពុជា ប្រកួតទល់នឹងក្រុម ជម្រើសជាតិជប៉ុន នាខែវិច្ឆិកា ឆ្នាំ២០១៥ ដែលរួមមាន៖ សុះ ស៊ូហាណា, នេន សុធារ័ត្ន, ឈិន ឈឿន, ហុង ផេង, ទិត្យ ឌីណា, កែវ សុខផេង, ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ, ស៊ូ យ៉ាទី និង ប្រាក់ មុនីឧត្ដម៕
អត្ថបទទាក់ទង៖
ទិដ្ឋភាពក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់លើកដំបូង ក្រោមការដឹកនាំរបស់ Honda
Honda ប្រាប់ពីគោលបំណង២ ដែលមកជួយក្រុមកម្ពុជា មិនយកប្រាក់ខែ
សម្ដេច ហ៊ុន សែន បង្ហើបថា បានពឹងឲ្យកីឡាករ Honda ជួយធ្វើរឿង២